បើតាមរបាយការណ៍របស់អង្គការ Amnesty International ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ២៩ កញ្ញា ២០២២ ហ្វេសប៊ុកមានចំណែកទទួលខុសត្រូវ លើការផ្សព្វផ្សាយព័ត៌មានបំផុសឲ្យស្អប់ជនជាតិរ៉ូហ៊ីងយ៉ា រហូតមានអំពើកាប់សម្លាប់ជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមនៅភូមា អស់ជាច្រើននាក់ កាលពីឆ្នាំ២០១៧។ នៅក្នុងរបាយការណ៍ដ៏គួរឱ្យរន្ធត់ អង្គការក្រៅរដ្ឋាភិបាលអង់គ្លេសបានរៀបរាប់ថាបណ្តាញសង្គមហ្វេសប៊ុក មិនខ្វល់សោះនឹងបញ្ហាសិទ្ធិមនុស្ស។ ដូច្នេះក្រុមហ៊ុនមេតា ត្រូវតែសងជំងឺចិត្តដល់ជនរងគ្រោះ ក្នុងអំពើហិង្សារើសអើងជនជាតិភាគតិច ដែលបន្តជ្រកក្រោន ក្នុងចំនួនដ៏ច្រើន នៅជំរំជនភៀសខ្លួនប្រទេសបង់ក្លាដែស។