នៅថ្ងៃទី ១៥ ឧសភា ២០២២ ក្រុមសមាគមសិល្បៈវប្បធម៌ខ្មែរ បានរៀបចំកម្មវិធីសម្តែងរបាំខ្មែរ នៅមន្ទីរពេទ្យ Centre Hospitalier Sud Francilien ជាយទីក្រុងប៉ារីស ដើម្បីលើកទឹកចិត្តក្រុមគ្រូពេទ្យ គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលបានបូជាកម្លាំងចិត្តកម្លាំងកាយបំរើការងារក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ អស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះផង និងដើម្បីផ្តល់ភាពរីករាយដល់អ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផង។ បានស្តាប់ភ្លេង ស្តាប់ចម្រៀង បានមើលទស្សនីយភាពរបាំ ភាពនឿយហត់ និងការឈឺចុកចាប់បានរសាត់បាត់មួយរយៈ ប៉ុន្តែបើបានបញ្ចេញកាយវិការហាត់រាំដោយផ្ទាល់ទៀតកាន់តែប្រសើរ ព្រោះបច្ចុប្បន្ននេះអ្នកស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្ត្របានចាត់ទុកការរាំ ជារបៀបធ្វើសមាធិដោយចលនា។ តើការធ្វើសមាធិ ដោយចលនា (រាំ) មានអត្ថប្រយោជន៍យ៉ាងណា ?