នាពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើឱ្យប្រធានព្រឹទ្ធសភា និងរដ្ឋសភាជួយរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយតម្រូវឲ្យអ្នកដែលចង់ឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវទៅបោះឆ្នោតលើកដំបូងនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រសិនជាចង់ឈរឈ្មោះឲ្យគេបោះឆ្នោតក្រោយៗទៀត។ បើតាមលោក ហ៊ុន សែន បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយុត្តិធម៌កំពុងរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់នេះ។ ការស្នើឱ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោតភ្លាមៗ ពិសេសនៅងាកមុនការបោះឆ្នោតថ្នាក់ជាតិនេះ សម្រាប់លោក ហ៊ុន សែន គឺដើម្បីឆ្លើយតបទៅនឹងចលនាអ្នកនយោបាយប្រឆាំងដែលកំពុងបើកយុទ្ធនាការមិនទៅបោះឆ្នោត ខណៈលោកចាត់ទុកការធ្វើវិសោធនកម្មច្បាប់នាពេលនេះ នឹងវាយចំកញ្ចប់មាត់ ឬវាយផ្តាច់ព្រ័ត្រចំពោះក្រុមបក្សប្រឆាំង។ ដូច្នេះ តើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ជាយុទ្ធសាស្ត្រផ្តាច់ផ្លូវនយោបាយរបស់ក្រុមបក្សប្រឆាំងឬយ៉ាងណា?