ចាប់តាំងពីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ រងនូវការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំ មេដឹកនាំនយោបាយប្រឆាំងរូបនេះ តែទទួលបានការសុំជួបពីសំណាក់អង្គទូតបស្ចឹមប្រទេសនានាប្រចាំនៅកម្ពុជា។ ជារឿយៗ លោក កឹម សុខា តែងជួបជាមួយទូតអាមេរិក ទូតបារាំង ទូតអាឡឺម៉ង់ ទូតសហភាពអឺរ៉ុប ទូតអូស្ត្រាលីជាដើម ដោយជំនួបធ្វើឡើងដោយឡែកពីគ្នាបន្តបន្ទាប់គ្នា។ ក៏ប៉ុន្តែក្រោយលោក កឹម សុខា រងការព្រមានឃុំខ្លួនជាថ្មីពីតុលាការ កាលពីពេលថ្មីៗនេះ តំណាងទូតសហភាពអឺរ៉ុប ទូតបារាំង និងទូតអាឡឺម៉ង់ បានស្នើជួបលោក កឹម សុខា រួមគ្នាកាលពីថ្ងៃទី០៥ ខែកក្កដាកន្លងទៅ។ រូបភាពនេះត្រូវគេមើលឃើញថាជាការបង្ហាញនូវការវិវត្តន៍ថ្មីមួយទៀតជុំវិញស្ថានភាពលោក កឹម សុខា និងការព្រួយបារម្ភពីអង្គទូតនានារបស់លោកខាងលិច។