ជាការអះអាងនៅចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលអាណត្តិទី៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបញ្ជាក់ថា លោកនឹងរុះរើក្បាលម៉ាស៊ីនដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្កើនប្រសិទ្ធិភាព និងធ្វើឱ្យមានទម្ងន់ក្នុងការចុះបង្ក្រាបទប់ស្កាត់ការជួញដូរគ្រឿងញៀនឱ្យអស់ពីកម្ពុជា។ ក្បាលម៉ាស៊ីនដឹកនាំ បើតាមលោក ហ៊ុន ម៉ាណែត គឺមានតំណែងជាឧបនាយករដ្ឋមន្ត្រី៤រូប រួមមាន៖ លោក នេត សាវឿន លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក កើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ជុំវិញការផ្លាស់ប្តូរសមាសភាពដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អ្នកតាមដានសង្គម ពិបាកវាយតម្លៃអំពីប្រសិទ្ធភាពនៃការចុះបង្ក្រាបគ្រឿងញៀន ខណៈអ្នកវិភាគខ្លះយល់ថា លុះត្រាណាក្បាលម៉ាស៊ីនថ្មីគិតពីប្រយោជន៍រួម និងកាត់ផ្តាច់ឱ្យបាននូវបក្សពួកនិយម រួមនឹងអំពើពុករលួយ។