តំណាងរាស្ត្រអាណត្តិទី៧ទាំង១២៥រូប មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច បានធ្វើសច្ចាប្រណិធាន ដោយស្បថនៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រខ្មែរ ថា ខ្លួនទាំងអស់គ្នានឹងប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ ផលប្រយោជន៍របស់ប្រជារាស្ត្រ មិនកេងប្រវ័ញ្ចផលប្រយោជន៍ជាតិ គោរពលទ្ធិប្រជាធិបតេយ្យ សេរីនិយម គោរពសិទ្ធិមនុស្ស ប្រឆាំងអំពើពុករលួយ និងអយុត្តិធម៌សង្គម ជាដើម។ ល។ នៅមុនពេលពួកគេចូលកាន់តួនាទីជាតំណាងរាស្ត្រខ្មែរជាផ្លូវការ។ ខ្លឹមសារនៃការធ្វើសច្ចាប្រណិនទានរបស់តំណាងរាស្ត្រ ត្រូវបានអ្នកតាមដានសង្គមយល់ថា ជារឿងដែលគ្មានន័យ ព្រោះអាណត្តិកន្លងមកៗ តំណាងរាស្ត្រមិនសូវបានអើពើពីសុខទុក្ខរបស់រាស្ត្រខ្មែរជាម្ចាស់ឆ្នោតប៉ុន្មាននោះទេ។ តើខ្លឹមសារសច្ចាប្រណិធាន និងការផឹកទឹកសម្បថរបស់តំណាងរាស្ត្រអាណត្តិទី៧ អាចឲ្យរាស្ត្រខ្មែរជឿជាក់បានកម្រិតណា?