នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃចន្ទម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបថាយោងតាមការវាយតម្លៃរបស់អ្នកសេដ្ឋកិច្ចនានា ពិភពលោកកំពុងឈានជើងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំដូចកាលពីឆ្នាំ ២០០៨-២០០៩ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងអឺរ៉ុប។ លោកថា ទណ្ឌកម្មនេះ នឹងជះឥទ្ធិពលភ្លាមៗមកដល់កម្ពុជាជាពិសេស វិស័យវាយនភណ្ឌកាត់ដេរអាចនឹងប្រឈមការលំបាកជាដើម។ ប្រឈមនឹងបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជានានាបានលើកជាយោបល់ប្រហាក់ប្រហែលគ្នា ក្នុងការត្រៀមលក្ខណៈទប់ទល់នឹងសភាពការណ៍អាក្រក់ណាមួយដែលអាចជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជាផងដែរ។