វិបត្តិសង្គ្រាមនៅអ៊ុយក្រែន បានបន្តជះឥទ្ធិពលអវិជ្ជមានមកលើដំណើរការសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាមួយដែរ។ ប្រទេសកម្ពុជា ដែលបច្ចុប្បន្នតម្លៃទំនិញកំពុងហក់ឡើងខ្ពស់ ជាពិសេសត្រូវបានគេរំពឹងថា អតិផរណានឹងអាចកើនដល់ ៣.៥%ថែមទៀត។ ជុំវិញរឿងនេះ អ្នកជំនាញសេដ្ឋកិច្ចមួយចំនួនបានចាត់ទុកករណីអតិផរណា និងតម្លៃទំនិញឡើងថ្លៃនាពេលនេះ គឺជាករណីធម្មតា និងទូទៅ ជាពិសេសមិនប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋក្នុងកម្រិតធ្ងន់ធ្ងរនោះទេ។ ក៏ប៉ុន្តែ ជំនួសពីពាក្យមិនប៉ះពាល់ អ្នកសេដ្ឋកិច្ចក៏ចង់ឃើញរដ្ឋាភិបាលចូលរួមលើកកម្ពស់ប្រាក់រៀលខ្មែរបន្ថែមទៀត និងបង្កើនសមត្ថភាពផ្គត់ផ្គង់ទំនិញក្នុងស្រុក ដើម្បីបំពេញតម្រូវការដែលកំពុងកើតមាននេះ។