ការស៊ើបអង្កេត ជុំវិញហេតុការណ៍អ្នកគាំទ្រលោកដូណាល់ ត្រាំ សម្រុកចូលក្នុងវិមានកាពីតូល កាលពីថ្ងៃទី៦ មករា ឆ្នាំ២០២១កន្លងទៅ បានឈានទៅដល់ការចោទប្រកាន់ និងកាត់ទោសមនុស្សជាច្រើនរួចមកហើយ។ ក៏ប៉ុន្តែ នៅក្នុងពេលដែលដំណើរការស៊ើបអង្កេតចេះតែបន្តទៅមុខ ជាពិសេស ការបង្ហាញឯកសារ និងសាកសួរសាក្សី ដោយគណៈកម្មការសភា, គេឃើញថា តួនាទីរបស់លោកដូណាល់ ត្រាំ នៅក្នុងហេតុការណ៍នេះត្រូវបានបង្ហាញកាន់តែច្បាស់ ហើយសំណួរចម្បងមួយត្រូវចោទឡើងថា តើលោកដូណាល់ ត្រាំខ្លួនឯងផ្ទាល់អាចនឹងត្រូវរងនូវការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ជុំវិញហេតុការណ៍នេះដែរឬក៏យ៉ាងណា?