រដ្ឋាភិបាលស៊ុយអែតបានប្រកាសផ្តាច់ជំនួយពីកម្ពុជានៅដំណាច់ឆ្នាំ២០២៤ ក្រោមហេតុផលថា មិនអាចស្តារឡើងវិញនូវស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាមមន្ត្រីសិទ្ធិមនុស្សក្នុងស្រុក។ គួរបញ្ជាក់ថា នេះជាការផ្តាច់ជំនួយជំហានទី២ បន្ទាប់ពីស៊ុយអែតបានបិទការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជាកាលពីចុងឆ្នាំ២០២១។ តែក្នុងពេលជាមួយគ្នា ស៊ុយអែតនៅបន្តផ្តល់ជំនួយឲ្យសង្គមស៊ីវិលនៅកម្ពុជាតាមរយៈ(SIDA)លើផ្នែកសិទ្ធិមនុស្ស អភិបាលកិច្ចល្អ ប្រជាធិតេយ្យ និងនីតិរដ្ឋរហូតដល់ឆ្នាំ២០២៤នេះ។ ទោះយ៉ាងណា ការផ្តាច់ជំនួយរបស់ស៊ុយអែតដែលជាប្រទេសជាប់ចំណាត់ថ្នាក់ល្អខាងសេរីភាពឲ្យកម្ពុជាពេលនេះមានការយល់ឃើញផ្ទុយគ្នារវាងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីអង្គការសង្គមស៊ីវិល។