ចាប់តាំងពីពេលដែលលោកពូទីនប្រកាសកាត់យកតំបន់ ៤ របស់អ៊ុយក្រែនដាក់បញ្ចូលទៅក្នុងទឹកដីរុស្ស៊ី ហើយគំរាមថានឹងប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើមានការរំលោភលើអធិបតេយ្យ និងបូរណភាពដែនដីរុស្ស៊ី ក្តីបារម្ភមានកាន់តែខ្លាំង ខ្លាចសង្គ្រាមអ៊ុយក្រែនបច្ចុប្បន្ននេះ ត្រូវរាលដាលទៅជាការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ អាមេរិកធ្លាប់បានព្រមានរុស្ស៊ីទុកជាមុនថា រុស្ស៊ីនឹងត្រូវរងនូវផលវិបាកធ្ងន់ធ្ងរប្រសិនបើហ៊ានប្រើអាវុធនុយក្លេអ៊ែរ ក៏ប៉ុន្តែ មិនបានបញ្ជាក់ច្បាស់លាស់នោះទេថា តើផលវិបាកធ្ងន់ធ្ងរនោះ គឺជាអ្វីពិតប្រាកដ។ តើអាមេរិកអាចឆ្លើយតបយ៉ាងណាចំពោះការប្រើអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី?