ថ្មីៗនេះ អ្នកអភិវឌ្ឍន៍លំនៅឋានខ្លះបន្តប្រកាសក្ស័យធន់ និងខ្លះត្រូវតុលាការសម្រេចចាប់ខ្លួន បន្ទាប់ពីរងពាក្យបណ្តឹងជាច្រើនពីអតិថិជនជុំវិញការរកស៊ីមិនសុច្ចរិត។ គម្រោងបុរីដែលកំពុងមានបញ្ហាផ្នែកទិញលក់ជាមួយអតិថិជនតាំងពីពេលមុន និងបច្ចុប្បន្ន រួមមានគម្រោងបុរី VIP បុរីម៉មដានី បុរីឡេងណាវ៉ាត់ត្រា ក្រុមហ៊ុនពិភពដីមាស រួមនឹងគម្រោងបុរីមួយចំនួនទៀត។ ក្រោយម្ចាស់បុរីខ្លះប្រកាសក្ស័យធន់ និងជាប់ពន្ធនាគារ អតិថិជនបានស្វែងរកអ្នកដែលត្រូវបន្តទទួលខុសត្រូវ។ តាមអ្នកជំនាញផ្នែកអចលនទ្រព្យ អ្នកដែលទទួលខុសត្រូវធំលើបញ្ហាទាំងនេះ គឺនៅតែជាម្ចាស់បុរីដដែល។ តែសង្គមស៊ីវិលវិញយល់ថា មានតែរដ្ឋាភិបាលទេដែលជាអ្នកចេញមុខអន្តរាគមន៍ដោះស្រាយវិបត្តិជាប់គាំងនេះ៕