ក្រសួងអប់រំ បានកំណត់ឱ្យគ្រឹះស្ថានបឋមសិក្សា រហូតដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅទាំងរដ្ឋ និងឯកជន ត្រូវអនុវត្តវិស្សមកាលធំរយៈពេល១ខែដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹតិ្តការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ វិស្សមកាលធំក្នុងឆ្នាំនេះ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ខណៈព្រឹិត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ជុំវិញវិស្សមកាលធំនាពេលនេះ អ្នកតាមដានសង្គមមានមតិផ្ទុយគ្នាជុំវិញទៅនឹងផលប៉ះពាល់ដែលនឹងអាចកើតមានឡើងចំពោះការសិក្សារបស់សិស្សានុសិស្ស។ តែយ៉ាងណា ពួកគេយល់ថា ដើម្បីអាចឱ្យសិស្សរៀនក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេមបាន ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនត្រូវបង្រៀនតាមប្រព័ន្ធអនឡាញជំនួសវិញ។