គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយកាន់អំណាចសុទ្ធតែបានត្រៀមលក្ខណៈរៀងៗខ្លួនក្នុងការរៀបចំយុទ្ធសាស្ត្រប្រម៉ែប្រមូលអ្នកគាំទ្ររបស់ ដែលជាពលរដ្ឋខ្មែរកំពុងរស់នៅ និងចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរជាង១លាននាក់ដែរនៅឯក្រៅប្រទេស ដែលបានបាត់បង់សិទ្ធិបោះឆ្នោត នៅពេលប្រទេសកម្ពុជារៀបចំការបោះឆ្នោតម្តងៗ ដោយសារតែកម្ពុជានៅមិនទាន់មានច្បាប់ និងការរៀបចំឲ្យពលរដ្ឋខ្មែរអាចបោះឆ្នោតបាននៅក្រៅប្រទេស។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ជាពេលវេលាសមល្មមទេ ដែលពលរដ្ឋខ្មែរត្រូវបានយកចិត្តទុកដាក់ ឲ្យពួកគេបានចូលរួមសម្តែងមតិដើម្បីជ្រើសរើសតំណាងរបស់ខ្លួនពីក្រៅប្រទេសដូចជាប្រទេសមួយចំនួននៅលើពិភពលោក?