នៅចុងសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី នឹងអញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិន។ ក្នុងដំណើរការទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងរាប់ចាប់តាំងពីលោកឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិនសារជាថ្មី ប្រទេសកម្ពុជា សឹង្ហបុរី និងម៉ាឡេស៊ី គឺជាប្រទេសដំបូងគេដែលលោក វ៉ាង យី សម្រេចចិត្តមកបំពេញទស្សនកិច្ចដើម្បីរឹតចំណងការទូត លើផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និងសន្តិសុខក្នុងតំបន់ជាដើម។ ជុំវិញដំណើរទស្សនកិច្ចមកកម្ពុជានេះ អ្នកវិភាគភូមិសាស្ត្រនយោបាយចាត់ទុកថា ចិនកំពុងចាប់អារម្មណ៍ និងបង្កើនការយកចិត្តទុកដាក់ជាមួយកម្ពុជា ដើម្បីធានាបានថា រដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងបន្តចាត់ទុកចិនជាមិត្តដែកថែក។