អគ្គនាយកដ្ឋានពន្ធដារនាពេលថ្មីៗនេះ បានសម្រេចបន្តលើកលែងការប្រមូលពន្ធលើចំណេញមូលធន២០% រយៈពេល២ឆ្នាំបន្ថែមទៀត ចំពោះអាជីវកម្ម អ្នកវិនិយោគិន និងវិស័យអចលនទ្រព្យទាំងអស់ក្នុងប្រទេសកម្ពុជា។ ការអនុវត្តគោលការណ៍ផ្អាកការប្រមូលពន្ធមូលធននេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ បើតាមអគ្គនាយកដ្ឋានពន្ធដារ ការពន្យាពេលប្រមូលពន្ធមូលធនបន្ថែមនេះ ដើម្បីជួយសម្រួលបន្ទុក និងចូលរួមលើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកធ្វើការលើវិស័យអចលនទ្រព្យ បានបង្ហាញការយល់ឃើញថា នេះជាការលើកទឹកចិត្តមួយផ្នែកធំចំពោះអាជីវកម្ម និងវិស័យឯកជនទាំងអស់។ បន្ថែមពីនេះ អ្នកជំនាញសេដ្ឋកិច្ចអះអាងថា តាមរយៈការពន្យាពេលប្រមូលពន្ធមូលធន កម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគិនបានកាន់តែច្រើន ខណៈចំនួនពន្ធមូលធន២០% ស្ថិតក្នុងបរិមាណតិចជាងបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់។