មួយរយៈពេលចុងក្រោយនេះ វិវាទការងារនៃបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បានឈានដល់ការប្រើប្រាស់ហិង្សា និងការប្តឹងផ្តល់គ្នាពីសំណាក់ក្រុមអាជ្ញាធរទៅលើកូដករ។ ចំណែកក្រុមអង្គការសង្គមស៊ីវិលដែលតាមដានលើសំណុំរឿងនេះបានបង្ហាញការយល់ឃើញថា ដើម្បីបិទបញ្ចប់វិវាទការងារដែលរុំារ៉ៃអូសបន្លាយពេលជិត១ឆ្នាំនេះ ភាគីទាំងពីរត្រូវស្វែងរកកិច្ចចរចារ ដោយតម្កល់ផលប្រយោជន៍ទាំងសងខាង។ អង្គការសង្គមស៊ីវិលបន្តថា ចំពោះភាគីអាជ្ញាធរ ត្រូវដើរតួជាអ្នកសម្របសម្រួល ដោយមិនត្រូវដើរតួជំនួសថៅកែក្រុមហ៊ុននោះទេ ជាពិសេសក៏ត្រូវបញ្ឈប់សកម្មភាពរារាំង ការប្រើប្រាស់អំពើហិង្សា និងចោទប្រកាន់ មកលើកូដករបន្តទៀត។ បើមិនដូច្នេះទេ វិវាទការងារនេះនឹងកាន់តែរីកធំ ហើយអាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចផង។