ក្រោយទស្សនកិច្ចលើកទី២រយៈពេល៣ថ្ងៃនៅប្រទេសភូមាគឺពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២២ ក្រសួងការបរទេសកម្ពុជាបានប្រកាសថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងជាប្រេសិតពិសេសប្រធានអាស៊ាន បានបំពេញកិច្ចការជាច្រើនក្នុងនោះមានការជួបជជែកជាមួយមេដឹកនាំរបបសឹកភូមា លោក មីន អោងឡាំង ជួបជាមួយភាគីជម្លោះដទៃទៀត និងជួបជាមួយអង្គទូតបរទេសនានាប្រចាំនៅភូមាផងដែរ។ ក្រៅពីនេះ លោក ប្រាក់ សុខុន ក៏បានលើកឡើងឲ្យភាគីរបបសឹកគោរពនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ការស្នើឲ្យមានការបញ្ឈប់អំពើហិង្សា ស្នើសុំជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី និងរំលឹកពីការផ្លាស់ប្តូរទីតាំងឃុំខ្លួនលោកស្រីពីពន្ធនាគារទៅលំនៅដ្ឋានវិញជាដើម។ ក៏ប៉ុន្តែរបបសឹកមិនអនុញ្ញាតឲ្យជួបលោកស្រី ស៊ូជីទេ ក្រោមលេសថាលោកស្រីកំពុងស្ថិតក្រោមនីតិវិធីតុលាការ។