នៅរុស្ស៊ី ទីភ្នាក់ងារសន្តិសុខជាតិ បានប្រកាសទម្លាក់ចោលបទចោទប្រកាន់ ប្រឆាំងទាហានស៊ីឈ្នួលវ៉ាក់ណែដែលធ្វើការបះបោរ លើកគ្នាសំដៅទីក្រុងម៉ូស្គូកាលពីថ្ងៃសៅរ៍ទី ២៤ មិថុនា។ ការសម្រេចរបស់ទីភ្នាក់ងារសន្តិសុខជាតិរុស្ស៊ី នៅព្រឹកថ្ងៃអង្គារនេះ ធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយ លោកប្រធានាធិបតីពូទីនចេញមុខប្រកាសលើកលែងទោសទាហានវ៉ាក់ណែ ដែលលោកចាត់ទុកជាអ្នកស្នេហាជាតិ ជួយបញ្ផៀសមិនឲ្យមានថ្លុកឈាម នៅរុស្ស៊ី។ នៅក្នុងការថ្លែងទៅកាន់ប្រជាជាតិរុស្ស៊ី ជាលើកទី១ នៅក្រោយការបះបោរមិនបានសម្រេចរបស់ក្រុមទាហានវ៉ាក់ណែ លោកពូទីននៅបានឆ្លៀតចោទប្រកាន់ថ្នាក់ដឹកនាំអ៊ុយក្រែន និងលោកខាងលិច ដែលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ថា ជាអ្នកចង់ឃើញរុស្ស៊ីសម្លាប់គ្នាទៅវិញ ទៅមក។ នៅថ្ងៃចន្ទ លោកប្រធានាធិបតីបៃដិនប្រាប់អ្នកកាសែតថា តាំងពីនៅថ្ងៃ កើតហេតុ អាមេរិកបានបញ្ជាក់ទៅភាគីរុស្ស៊ីហើយថា អាមេរិក មិនដឹងរឿង និងគ្មានជាប់ពាក់ព័ន្ធក្នុងរឿងបះបោររបស់ក្រុមទាហានរុស្ស៊ីវ៉ាក់ណែ។