វិបត្តិជនភៀសខ្លួនក្នុងសមុទ្រម៉េឌីទែរ៉ាណេ កំពុងតែធ្វើឲ្យមានសង្គ្រាមពាក្យសំដី ឈ្លោះប្រកែកគ្នា រវាងរដ្ឋាភិបាលបារាំង និងអ៊ីតាលី។ អស់រយៈពេលប្រមាណ៣សប្តាហ៍ ដែលនាវា Ocean Viking សង្គ្រោះជនភៀសខ្លួន បានអណ្តែតតែលតោលក្នុងសមុទ្រ ជាមួយនឹងជនភៀសខ្លួនចំនួនជាង២៣០នាក់។ អ៊ីតាលីបានបដិសេធមិនឲ្យនាវានេះចូលចត។ ទីបំផុត រដ្ឋាភិបាលបារាំងបានសុខចិត្តឲ្យនាវានេះចូលចត ដាក់ជនភៀសខ្លួនឲ្យឡើងគោក តែបារាំងបានចោទប្រកាន់ទៅអ៊ីតាលី ថាបានធ្វើរឿងអមនុស្សធម៌ ហើយផ្ទុយនឹងវិធានច្បាប់សមុទ្រអន្តរជាតិ ព្រោះថានាវាស្ថិតនៅកៀកនឹងដែនដីអ៊ីតាលីជាងគេ។