ប្រទេសស្រីលង្កាបានឈានដល់ដំណាក់កាលមួយដែលមិនអាចគ្រប់គ្រងបាននូវលំនឹងសេដ្ឋកិច្ច ជាហេតុនាំឲ្យប្រធានាធិបតីនៃប្រទេសនេះ បានប្រកាសចុះចេញពីដំណែង និងបានរត់ភៀសខ្លួនទៅក្រៅប្រទេស ហើយប្រទេសត្រូវបានដាក់ក្នុងគ្រាអាសន្ន។ ពលរដ្ឋស្រីលង្កាបាននាំគ្នាធ្វើបាតុកម្មជាប់ៗគ្នាជាច្រើនថ្ងៃដោយសារតែរដ្ឋាភិបាលគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមិនបានល្អ ការកើតមានអំពើពុករលួយ គ្រួសារនិយម អតិផរណាពេញទំហឹង វិបត្តិបំណុលវ័ន្តក រួមនឹងបញ្ហាជាច្រើនទៀត ដែលបានធ្វើឲ្យស្រីលង្កាជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ វិបត្តិនៅស្រីលង្កានេះ ត្រូវគេគិតថាជាមេរៀនដ៏សំខាន់មួយសម្រាប់ប្រទេសក្រីក្រ និងប្រទេសដែលមានសណ្ឋាណសេដ្ឋកិច្ចប្រហាក់ប្រហែលគ្នានៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។