ក្រៅតែពីបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ប្រជាពលរដ្ឋរស់នៅក្នុងបុរីភាគច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែងរអ៊ូររទាំទៅនឹងបញ្ហាអត់សេវាទូរស័ព្ទ និងប្រព័ន្ធអិនធឺណេតប្រើប្រាស់។ បញ្ហាខ្វះសេវាទូរស័ព្ទ និងប្រព័ន្ធអិនធឺណេត បានជះផលមិនល្អមួយចំនួនដល់អ្នករស់នៅក្នុងបុរីទាំងការប្រាស្រ័យទំនាក់ទំនង និងកិច្ចការងារប្រចាំថ្ងៃផង។ ក្នុងនោះ ប្រជាពលរដ្ឋរស់នៅក្នុងបុរីមួយចំនួនបានអះអាងថា បញ្ហានេះកើតមានឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានម្ចាស់គម្រោងរូបណាចេញមកដោះស្រាយជូនអតិថិជនរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ ម្ចាស់គម្រោងទាំងអស់នោះបានសហការគ្នាជាមួយ ក្រុមហ៊ុនផ្តល់សេវាអិនធឺណេតដើម្បីលក់សេវាជូនអតិថិជនក្នុងបុរីទៅវិញ។