ប្រសូត្រនៅឆ្នាំ១៩៤១ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ បានប្រារព្ធខួប៨០ឆ្នាំរបស់ខ្លួន ពីម្សិលមិញនេះ នៅស្ថានទូតបារាំងនៅភ្នំពេញ ដែលមានរដ្ឋមន្ត្រី រដ្ឋលេខាធិការ អ្នកមុខអ្នកការ និងសាធារណជន សាសន៍បារាំង-ខ្មែរ ជាច្រើននាក់ បានចូលរួម។ ក្រោយប្រទេសកម្ពុជាងើបដើរចេញពីភ្នក់ភ្លើងសង្គ្រាម និងផ្តើមបើកទំព័រសន្តិភាព, ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ ដែលហៅកាត់ជាបារាំងថា AFD បានបង្កើតគម្រោងអភិវឌ្ឍស្រុកខ្មែរ ជិត៣០ឆ្នាំមកហើយ គឺតាំងពីឆ្នាំ១៩៩៣។ សព្វថ្ងៃនេះ គម្រោងអភិវឌ្ឍប្រមាណ៣០របស់AFD កំពុងដំណើរការនៅកម្ពុជា។ក្នុងឱកាសខួប៨០ឆ្នាំរបស់ខ្លួន អង្គការបារាំងខាងអភិវឌ្ឍមួយនេះ បានជ្រើសរើសរឿង«ភាពស្មើគ្នារវាងប្រុសស្រី» មកធ្វើជាប្រធានបទសំខាន់។