នៅកម្ពុជាការលើកកម្ពស់កម្រិតជីវភាពពលរដ្ឋធ្វើការងារផ្នែកអនាម័យមិនមានទាន់ការយកចិត្តទុកដាក់នៅឡើយទេនិយាយជារួម និងនិយាយដោយឡែកសម្រាប់កម្មករថែទាំលូ។ កម្មករថែទាំលូត្រូវបានគេមើលឃើញដូចគ្នាថា ជាក្រុមងាយគ្រោះបំផុតពីសកម្មភាពការងាររបស់ខ្លួន និងការរើសអើងពីមនុស្សនៅក្នុងសង្គមមួយចំនួន។ កម្មករថែទាំលូម្នាក់និយាយថា ពួកគេមិនសុំអ្វីច្រើនទេ សុំតែម្យ៉ាងគត់បញ្ឈប់ការមើលងាយដោយពាក្យសម្ដី និងបង្ហាញការរើសអើងដោយកាយវិកា។ នៅចំពោះមុខស្ថានភាពបែបនេះ ភាគីពាក់ព័ន្ធទាំងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលបានពួតដៃគ្នាផ្សព្វផ្សាយការលើកកម្ពស់កម្មករថែទាំលូទាំងផ្នែកសុខភាព និងបញ្ឈប់ការរើសអើងជាដើម។