ក្រោយកូដករក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យធ្វើកូដកម្មអស់រយៈពេលជិត៣សប្តាហ៍មក ក្រុមយុវជនខ្មែរថាវរៈ បានសម្រេចបើកយុទ្ធនាការបង្ហោះប៉េងប៉ោង២៥ខេត្តក្រុង ដើម្បីលើកទឹកចិត្តដល់បុគ្គលិក មេដឹកនាំសហជីពទាំងអស់ដែលកំពុងជាប់ឃុំ និងរងការចោទប្រកាន់ដោយអយុត្តិធម៌។ នេះជាសប្តាហ៍ទី៣ហើយ ដែលពួកគេបន្តធ្វើយុទ្ធនាការរបស់ខ្លួន ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនផ្ដល់ដោះស្រាយជូនបុគ្គលិកទាំងអស់ ក្រោយពួកគេចេញធ្វើកូដកម្មអស់រយៈពេលជិត២ខែ តែមិនទទួលបានលទ្ធផលអ្វីទាល់តែសោះ។ ក្នុងនោះ ក្រុមយុវជនខ្មែរថាវរៈ បានលើកឡើងថា ដរាបផែនដីនៅតែវិល នោះសកម្មភាព និងយុទ្ធនាការនានា ក៏នៅតែកើតមានឡើង ខណៈពួកគេមិនភ័យខ្លាចពីការប្រឈមមុខច្បាប់នោះទេ។