រដ្ឋាភិបាលបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់សង្គ្រោះវិស័យកសិកម្ម តាមរយៈការចុះចែកពូជស្រូវដល់ដៃកសិករ រួមនឹងសកម្មភាពមួយចំនួនដែលគេមិនសូវឃើញកើតមានពីមុនមក។ ថ្មីៗនេះទៀតរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មបានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារផលិតកម្មគ្រាប់ពូជស្រូវ ហើយលោករដ្ឋមន្រ្តី ឌិត ទីណា ចុះបានពិនិត្យដេប៉ូលក់ជី ថ្នាំ កសិកម្ម ស្វែងរកយន្តការដោះស្រាយឲ្យតម្លៃជីសមរម្យដើម្បីកសិករអាចទទួលយកបាន។ រីឯមន្ត្រីផ្សេងទៀតរបស់ក្រសួងចុះទៅខេត្តគោលដៅស្វែងយល់ពីថ្លៃដើមនៃការផលិត និងផ្ដល់អនុសាសន៍ដើម្បីកាត់បន្ថយការចំណាយ។ ទន្ទឹមនឹងនេះ កសិករមួយចំនួនរស់នៅភូមិស្វាយអាត់លើ ក្នុងខេត្តកណ្ដាលឯណេះ ក៏ប្រាថ្នាចង់ឃើញវត្តមន្ត្រីចុះដល់ដីស្រែពួកគេដែរ។ តែទោះជាមិនបានចុះក៏មិនថ្វីគេគ្រាន់សំណូមពរឲ្យរដ្ឋជួយអន្តរាគមន៍រក្សាតម្លៃស្រូវកុំឲ្យឈ្មួញចូលមកបន្ទាបតម្លៃតាមតែចិត្ត។