នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិនាពេលនេះ អោ ស្រីពេជ្រ សូមណែនាំលោកអ្នកនាងឱ្យស្គាល់ពីដំណើរជីវិតរបស់លោក សេង ដារ៉ា។ មានការអប់រំកម្រិតថ្នាក់បាក់ឌុប យុវជនវ័យក្មេងមកពីខេត្តពោធិ៍សាត់រូបនេះ ធ្លាប់ធ្វើការងារជាពលករគេ នៅប្រទេសកូរ៉េ អស់រយៈពេល៥ឆ្នាំ ទម្រាំអាចក្លាយជាម្ចាស់អាជីវកម្មរកស៊ីជាច្រើនមុខ ក្នុងនោះមានអាជីវកម្មនាំចូលយានយន្តមួយទឹកពីកូរ៉េខាងត្បូងមកទីផ្សារកម្ពុជាដែលទើបបង្កើតឡើង។ ចំពោះលោក សេង ដារ៉ា ភាពជោគជ័យបច្ចុប្បន្ននេះ មិនមែនកើតចេញដោយភាពចៃដន្យទេ ប៉ុន្តែកើតចេញពីការត្រៀមខ្លួនរបស់លោក តាមរយៈការសន្សំចំណេះម្តងបន្តិចៗដោយខ្លួនឯង អំឡុងពេលធ្វើជាពលករស្រុកគេនោះ។