កញ្ញា សាំ ស្រីថន គឺជាសិស្សប្រឡងជាប់និទ្ទេសAម្នាក់ក្នុងចំណោមនិទ្ទេសAតែ២នាក់គត់នៅវិទ្យាល័យប្រមូលព្រហ្ម ស្រុកព្រះស្តេច ខេត្តព្រៃវែង នាសម័យប្រឡង៦វិច្ឆិកា២០២៣។ ស្រីថន គឺជាកូនស្រីពៅរស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយជិត២០ឆ្នាំមកហើយ។ ឪពុករបស់នាងបានចែកផ្លូវជីវិតជាមួយម្តាយនាងតាំងពីស្រីថននៅផ្ទៃម្តាយ។ បច្ចុប្បន្ននេះ ស្រីថនរស់នៅជាមួយម្តាយនិងក្មួយម្នាក់ដែលបងរបស់នាងយកមកឲ្យជួយចិញ្ចឹម។ ក្នុងចំណោមបងប្អូនសរុប៦នាក់ គឺមិនមាននណាម្នាក់មានជីវភាពធូរធារនោះឡើយ។ នាងនិងម្តាយរស់នៅលើផ្ទះដំបូលសង្កសីទំហំ៣គុណ៤ម៉ែត្រ លើដីភូមិមួយកន្លែង ដែលជីតារបស់នាងឲ្យនៅបណ្តោះអាសន្ន ខណៈដីស្រែត្រូវដាក់បញ្ចាំយកលុយព្យាបាលជំងឺ។