នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិRFI នៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំលោកអ្នកឲ្យស្គាល់ កញ្ញា ជា រតនា ជាបុគ្គលិកនៅស្ថានទូតបារាំង។ ទទួលបានសញ្ញាប័ត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលបារាំង នោះជាឱកាសដែលរតនាទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅស្រុកបារាំង ហើយទទួលបានសញ្ញាប័ត្រផ្នែកនីតិសាស្រ្ត សេដ្ឋកិច្ច និងគ្រប់គ្រង។ មូលហេតុដែលកូនកសិកររូបនេះទទួលបានការសិក្សាខ្ពស់នៅបរទេស គឺផ្តើមចេញពីគំនិតរបស់នាងតាំងដើមមក ដែលថា នាងសុខចិត្តឲ្យឳពុកម្តាយលក់ដីស្រែបង់ថ្លៃសាលារៀនជាជាងលក់ស្រែដើម្បីទិញម៉ូតូជិះ។