ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ដែលកើតឡើងលើបុរសជនជាតិចិនម្នាក់។ ចាប់តាំងពីពេលនោះមក ករណីកូវីដ១៩ ចាប់ផ្តើមកើនឡើង រហូតដល់មានអ្នកឆ្លងសរុបចំនួន១២៥នាក់ ប៉ុន្តែបច្ចុប្បន្នមានតែ២នាក់ប៉ុណ្ណោះ បន្តសំរាកព្យាបាលនៅមន្ទីរពេទ្យ ហើយមានអ្នកជាសះស្បើយសរុបមានចំនួន១២៣នាក់។ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានក្លាយជាកន្លែងវិភាគរកវីរុស ដែលមានស្តង់ដារមួយនៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបលើកទី១រវាងអ្នកសារព័ត៌មាន និងអ្នកជំនាញរបស់វិទ្យាស្ថាននេះ អ្នកជំនាញបានលើកឡើងពីសកម្មភាពរបស់ប៉ាស្ទ័រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។