កូវីដ១៩ មិនត្រឹមតែសម្លាប់ជីវិតមនុស្សលើពិភពលោកប៉ុណ្ណោះទេ តែវាក៏បានកាត់ផ្ដាច់ប្រាក់ជំនួយបរទេសមកកាន់សាលាកុមារអូទីស្សឹមកម្ពុជាដែរ។ នៅចំពោះមុខអនាគតមិនប្រាកដប្រជា នាយកគ្រប់គ្រងសាលាកុមារអូទីស្សឹមកម្ពុជាបានទាញសញ្ញាអាសន្នពីការបិទទ្វារដោយឥតព្រៀងទុក ប្រសិន បើគ្មានជំនួយ។ នៅពេលនេះ ជំនួយដែលសាលាត្រូវការពីគ្រប់តួអង្គនៅក្នុងប្រទេសរួមមាន៖ រដ្ឋាភិបាល វិស័យឯកជន និងបណ្ដាសប្បុរសជនទាំងអស់ជួយគ្នាបន្តិចម្នាក់ ដើម្បីអនាគតកុមារអូទីហ្សឹមជាង១០០នាក់។ តិចឬច្រើន សាលាកុមារអូទីហ្សឹម ចង់បានជំនួយនិងការយកចិត្តទុកដាក់ ឲ្យដូចមន្ទីរពេទ្យគន្ធបុប្ផាឬមន្ទីរពេទ្យកុមារអង្គរដែរ ព្រោះនេះជាបេសកម្មសង្គ្រោះជីវិតកុមារដូចគ្នា។