ចាប់តាំងពីឡើងកាន់តំណែងជានាយកសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប ក្នុងឆ្នាំ១៩៩៣ លោក ពឹង គិមឆេន បានប្រែក្លាយសាលានៅភាគពាយ័ព្យនោះទៅជាសាលាគំរូប្រចាំប្រទេសកម្ពុជា ច្រើនឆ្នាំជាប់ៗគ្នា។ អតីតនាយកសាលារូបនេះ ទទួលបានការកោតសរសើរនិងលើកទឹកចិត្តខ្ពស់ពីគ្រប់មជ្ឈដ្ឋាន។ ដោយមើលឃើញពីសមត្ថភាពខ្ពស់ និងមានស្នាដៃល្អក្នុងការលើកកម្ពស់វិស័យអប់រំ លោកត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០២១នេះ។ បើទោះជាលោក ពឹង គិមឆេន បានចូលនិវត្តន៍ជានាយកសាលាក្តី តែលោកបញ្ជាក់ថា លោកនឹងប្រើប្រាស់ពេលវេលាចុងក្រោយរបស់លោក បន្តជ្រោងវិស័យអប់រំនៅកម្ពុជា តាមរយៈតួនាទីជាទីប្រឹក្សាក្រសួងអប់រំ។