កើតក្នុងគ្រួសារមន្ត្រីរាជការ ព្រមទាំងមានឪពុកជាអតីតអភិបាលខេត្តសៀមរាបផង លោកឃឹម ហ្វីណង់ ដែលបច្ចុប្បន្នជាអភិបាលស្រុកបន្ទាយស្រី មានលទ្ធភាពទទួលបានការអប់រំយ៉ាងល្អប្រសើរ ទាំងកម្រិតជាតិ និងអន្តរជាតិ រហូតដល់បានក្លាយខ្លួនជាប្រធានក្រុមហ៊ុនធំៗ អាចរកបានចំណូលបានយ៉ាងច្រើន។ ប៉ុន្តែក្រៅពីភាពមានបាន ដែលជាបច្ច័យមកពីការសិក្សា និងគ្រួសារនេះ លោកហ្វីណង់ ក៏មានក្តីស្រម៉ៃផ្ទាល់ខ្លួន ចង់រួមចំណែកជួយពលរដ្ឋក្នុងខេត្តសៀមរាប តាមរយៈមុខងារជាមន្ត្រីរាជការ។ តាមលោកហ្វីណង់ មនុស្សម្នាក់ៗ មានក្តីស្រមៃខុសៗគ្នា! ហើយសម្រាប់លោក ការដែលអាចឃើញពលរដ្ឋក្នុងខេត្តកំណើតរបស់លោក មានជីវភាពធូរធារ មានសុខសន្តិភាព គឺមានតម្លៃជាងចំណូលដែលលោកធ្លាប់រកបានកន្លងមកទៅទៀត។