ន័យធៀបគេលែងសូវឮនៅក្នុងបទចម្រៀងខ្មែរនាសម័យបច្ចុប្បន្ន។ បច្ចុប្បន្នបទចម្រៀងភាគច្រើនរំលេចដោយន័យត្រង់។ នេះជាការចាប់អារម្មណ៍របស់លោក ហេ ជុនសិក តន្រ្តីករផ្នែកវីយូឡុងនិងជាអ្នកជំនិតរបស់អធិរាជសំឡេងមាស លោកស៊ីន ស៊ីសាមុត។ នៅក្នុងវ័យ៨១ឆ្នាំ អតីតតន្រ្តីករផ្នែកវីយូឡុងរូបនេះលើកឡើងថា រវាងន័យធៀបនិងន័យត្រង់ ន័យធៀបផ្ដល់ជាគំនិត ការរិះគិត និងការអប់រំដល់អ្នកស្ដាប់ច្រើនជាងន័យត្រង់។ ដោយសារន័យធៀបមានលក្ខណៈពិសេសបែបនេះហើយ ទើបធ្វើឲ្យចម្រៀងជំនាន់មុននៅតែមានអ្នកស្ដាប់និងស្ដាប់មិនចេះជិនណាយ។