លោក ផន ផល្លា ដែលគេស្គាល់ថាជា ប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើ បានជាសះស្បើយពីវិរុសកូវីដ១៩កម្រិតធ្ងន់ បន្ទាប់ពីបានចូលខ្លួនព្យាបាលរយៈពេល១៤ថ្ងៃនៅមណ្ឌលព្យាបាលព្រីមមៀរ-សែនសុខ២។ បើតាមលោក ផន ផល្លា ដំណើរជីវិតដែលគិតថា ដើរមកដល់ជ្រោះមរណៈទៅហើយ បែរជាត្រូវបានក្រុមគ្រូពេទ្យទាញចេញមកវិញ តាមរយៈការផ្តល់កម្លាំងចិត្តជាសំខាន់ និងថ្នាំសង្កូវជាបន្ទាប់បន្សំ។ បុរសវ័យជាង ៣០ឆ្នាំ ដែលមានមាឌធំដំបង សក់រួញបែបសិល្បៈរូបនេះ បានឱ្យដឹងថា បន្ទាប់ពីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ លោកនឹងត្រឡប់ទៅដឹកនាំអង្គការ ដែលជាក្តីសង្ឃឹមរបស់កុមារកំព្រារស់នៅក្នុងមណ្ឌលមែកឈើប្រមាណជិត១០០នាក់ជាបន្តទៀត។