ស្លៀកពាក់សម្លៀកបំពាក់ខោអាវឃ្លុំជិតៗតាំងពីក្បាលរហូតដល់ចុងជើង រស់នៅបែកពីគ្រួសារ ហើយត្រូវប្រឈមមុខនឹងជំងឺជារៀងរាល់ថ្ងៃ ជាទុក្ខលំបាករបស់គ្រូពេទ្យជួរមុខដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដោយរំពឹងខ្ពស់ថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជូនពលរដ្ឋ ជារនាំងដ៏មានប្រសិទ្ធភាពបំផុតមួយ ក្រុមគ្រូពេទ្យដែលត្រូវបានពលរដ្ឋមួយចំនួនហៅថា «ជាកងទ័ពអាវស»នេះ នៅតែបន្តកិច្ចការងារខ្លួនយ៉ាងស្រស្រាក់ស្រសាំដដែល។ បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់រូបអាចបន្តទៅបាននោះ គឺកើតចេញពីឆន្ទៈនិងភាពអត់ធ្មត់ខ្ពស់។