អស់រយៈពេលជិត២ឆ្នាំមកហើយដែលជំងឺកូវីដ-១៩ បានបង្អាក់វត្តមានភ្ញៀវទេសចរបរទេសមិនឱ្យចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ បញ្ហាអវត្តមានភ្ញៀវទេសចរបរទេសនេះ បានរុញច្រានឱ្យមគ្គុទេសទេសចរណ៍កម្ពុជាជាច្រើននាក់បានបាត់បង់ការងារ និងបានបង្ខំឱ្យពួកគេចាកចេញពីអាជីពមួយនេះទៅប្រកបការងារផ្សេងៗ ក្រោយវិបត្តិសេដ្ឋកិច្ចគ្រួសារកំពុងប្រឈមខ្លាំង។ ប៉ុន្តែជាការគួរឱ្យកត់សម្គាល់ មគ្គុទេសទេសចរណ៍មួយចំនួនបានលើកឡើងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការត្រឡប់ចូលមកបម្រើការលើវិស័យទេសចរណ៍មួយនេះឡើងវិញ ប្រកបដោយចំណេះដឹង ភាសា និងក្រមសីលធម៌។ ការលើកឡើងនេះ ក្រោយរដ្ឋាភិបាលកម្ពុជាគ្រោងបើកដំណើរការកញ្ចប់ភ្ញៀវទេសចរវ៉ាក់សាំងជំហានដំបូងដើម្បីស្រោចស្រង់វិស័យសេដ្ឋកិច្ចឡើងវិញ។