
Sign up to save your podcasts
Or


ក្នុងឱកាសរំលឹកខួប៥០ឆ្នាំ ក្រោយថ្ងៃ១៧ មេសា ១៩៧៥ ស្នាដៃតន្ត្រី“បង្សុកូល” ដ៏ល្បីឈ្មោះរបស់កម្ពុជា ដែលដឹកនាំនិពន្ធនិងសម្តែងដោយក្រុមសិល្បកររបស់លោកបណ្ឌិតហ៊ឹម សុភី និងសមិទ្ធិករលោកប៉ាន់ រិទ្ធី កំពុងត្រៀមខ្លួនចាកចេញទៅសម្តែងថ្នាក់ពិភពលោកជាថ្មី នៅក្នុងមហោស្រពសិល្បៈកម្ពុជា នាទីក្រុងម៉ុងរ៉េអាល់។ ការប្រគំតន្ត្រី“បង្សុកូល” ដែលរួមមានការសម្តែងជាមួយសិល្បករអន្តរជាតិផ្សេងៗទៀត ក្នុងគោលបំណងឧទ្ទិសវិញ្ញាណក្ខន្តដល់ជនរងគ្រោះខ្មែរក្នុងរបបខ្មែរក្រហមនិងការរស់ឡើងវិញនៃតន្ត្រីកម្ពុជា នឹងត្រូវរៀបចំធ្វើឡើងជាថ្មីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ដោយអង្គការសិល្ប:ខ្មែរអមត:រួមសហការជាមួយអង្គការ Connexion Champa របស់សហគមន៍ខ្មែរនៅប្រទេសកាណាដា។
លោក ហ្សង់មីសែល ហ្វីលីពី គឺជាសាស្ត្រាចារ្យជនជាតិបារាំងផ្នែកភាសាវិទ្យាដែលមានជំនាញខាងការសិក្សាភាសាខ្មែរ និងភាសាជនជាតិដើមភាគតិចផ្សេងៗទៀតនៅកម្ពុជា និងនៅតំបន់អាស៊ីអាគ្នេយ៍។ ជាបណ្ឌិតនិយាយភាសាខ្មែរយ៉ាងស្ទាត់ជំនាញ លោកហ្សង់មីសែល ហ្វីលីពីបញ្ជាក់ប្រាប់ថា ភាសាជនជាតិដើមភាគតិចនៅកម្ពុជាកំពុងឈានទៅរកការបាត់បង់បន្តិចម្តងៗ ក្នុងនោះភាសាស្អូចឈានទៅរកការបាត់បង់ខ្លាំងជាងគេបំផុត។
នៅឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកានទី៧៨ គ្មានវត្តមានរបស់ខ្សែភាពយន្តខ្មែរក៏ពិតមែន ប៉ុន្តែ កម្ពុជានៅតែមានជនជាតិរបស់ខ្លួនចូលរួមនៅក្នុងមហោស្រព។ បន្ទាប់ពីបានអាហារូបករណ៍ពីមូលនិធិកានដើម្បីថ្នាក់បណ្តុះបណ្តាលអ្នកដឹកនាំរឿងរយៈពេល៤ខែកន្លះកាលពីឆ្នាំមុន សាន ដានិច សមិទ្ធិករស្រ្តីខ្មែរវ័យក្មេងបានវិលត្រឡប់ទៅមហោស្រពភាពយន្តកានសាជាថ្មី ក្នុងក្របខ័ណ្ឌនៃសិក្ខាសិលារបស់កម្មវិធី La Fabrique Cinéma រៀបចំឡើងដោយវិទ្យាស្ថានបារាំង ដៃគូរបស់វិទ្យុបារាំងអន្តរជាតិ។
ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ មានអ្នកប្រកបរបរចម្លាក់ស្ពាន់ជាច្រើនបានបោះបង់របរមួយនេះចោល។ លោក វ៉ាន់ ស៊ីថា ម្ចាស់សិប្បកម្មភ្ញីទេសដែលមានទីតាំងនៅជិតស្ពានព្រែកក្តាមបានអះអាងថា សព្វថ្ងៃនេះ ផលិតផលធ្វើពីស្ពាន់ដែលឆ្លាក់ដោយដៃកំពុងប្រឈមបញ្ហាខ្វះទីផ្សារ ព្រោះអតិថិជនមួយចំនួនធំបានងាកទៅប្រើប្រាស់របស់ដែលផលិតចេញពីរោងចក្រ និងនាំចូលពីប្រទេសក្រៅ។
អ្នកភូមិច្រើនគ្រួសារនៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពតនាំគ្នាប្រកបមុខរបរត្បាញឬស្សីធ្វើជា «ខេងចំហុយត្រីសមុទ្រ» ដែលជាប្រភពចំណូលបន្ថែមពីការធ្វើចម្ការ។ តាមអ្នកភូមិ ខេងត្រីចំហុយធ្វើពីឬស្សីជួយរក្សាគុណភាពសាច់ត្រីកុំឲ្យបែកនៅពេលចំហុយ និងជួយឲ្យមានក្លិនឈ្ងុយបានយូរ។ របរមួយនេះបានអនុញ្ញាតឲ្យអ្នកស្រុកទឹកឈូអាចរកចំណូលបានពី ៣ ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។
ខ្ទះត្នោតរបស់ខ្មែរត្រូវបានប្រើប្រាស់តាំងពីយូរលង់សម្រាប់ចម្អិនអាហារនៅក្នុងកម្មវិធីមង្គលការ ឬបុណ្យទាន។ តែគេកម្រឃើញពីការផលិតខ្ទះត្នោតដោយរបៀបណា។ លោក នួន ភារម្យដែលជាពលរដ្ឋរស់នៅឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល គឺជាអ្នកផលិតខ្ទះត្នោតបន្តពីឳពុករបស់លោកជាង ៤០ឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃ លោកត្រូវប្រឈមនឹងកម្តៅភ្លើងក្តៅខ្លាំងពីការស្លដែកអេតចាយដើម្បីធ្វើខ្ទះត្នោត។
ធនាគារក្ដាម ជាទីតាំងសម្រាប់ភ្ញាស់ពងក្ដាម និងថែបំប៉នមេក្ដាមពង ដើម្បីជួយបង្កើនស្តុកក្ដាមធម្មជាតិ ស្របពេលដែលមានក្តីបារម្ភចំពោះការថយចុះទិន្នផលក្តាមក្នុងសមុទ្រ។ ធនាគារនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទិញក្តាមមានពងក្រៅសន្ទះទ្រូងពីប្រជានេសាទ យកទៅភ្ញាស់ក្ដាមរាប់លានកូននៅក្នុងសំណាញ់។ គោលដៅគឺដើម្បីទិន្នផលក្ដាមក្នុងប្រទេសកម្ពុជាឲ្យមានជានិរន្តភាព។
ដែនអភិរក្សសហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបធ្លាប់តែជាកន្លែងប្រឈមនឹងបទល្មើសនេសាទ។ តែចាប់តាំងពីឆ្នាំ២០២០ មក រដ្ឋបាលជលផល និងអង្គការដៃគូបានទម្លាក់ថ្មសិប្បនិម្មិតចូលសមុទ្រដើម្បីជួយបង្កើនទីជម្រកដល់ជីវចម្រុះ និងទប់ស្កាត់បទល្មើសផ្សេងៗ។ ប្រជានេសាទក្នុងសហគមន៍អះអាងថា វិធានការទម្លាក់ថ្មសិប្បនិម្មិតនេះមានប្រសិទ្ធិភាពខ្ពស់ក្នុងការអភិរក្សធនធានជលផល និងបានស្នើក្រសួងកសិកម្មឲ្យពិនិត្យមើលលទ្ធភាពក្នុងការទម្លាក់ថ្មសិប្បនិម្មិតបន្ថែមទៀត។
កាលពី៥០ឆ្នាំមុន ពោលគឺចាប់ពីថ្ងៃទី១៧មេសា ដល់ថ្ងៃទី៨ឧសភា ឆ្នាំ១៩៧៥ ស្ថានទូតបារាំងនៅកម្ពុជាបានក្លាយជាស្ថានទូតចុងក្រោយគេបង្អស់ដែលទទួលជនភៀសខ្លួនទាំងជនជាតិខ្មែរ ជនជាតិបារាំងនិងជនបរទេសរាប់រយនាក់ផ្សេងទៀតឲ្យជ្រកកោន ដើម្បីភៀសខ្លួនចេញពីការគ្រប់គ្រងអំណាចដ៏ឃោរឃៅរបស់ពួកខ្មែរក្រហម។ ប៉ុន្តែក៏មានជនជាតិខ្មែរមួយចំនួនធំផ្សេងទៀតដែរក៏ពុំមានឱកាសទទួលបានសិទ្ធិការពារជីវិតនៅក្នុងពេលនោះ។ នៅក្នុងខួប៥០ឆ្នាំនៃពិធីរម្លឹកនិងឧទ្ទិសវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងសម័យខ្មែរក្រហម ដែលធ្វើឡើងដោយស្ថានទូតបារាំង កាលពីថ្ងៃទី៨ ឧសភា ឆ្នាំ២០២៥ សាក្សីនិងអ្នកនៅរស់រានមានជីវិតចេញពីស្ថានទូតបារាំង នៅតែមានក្តីរន្ធត់ចំពោះព្រឹត្តិការណ៍នៃការប្រឈមមុខជាមួយខ្មែរក្រហមដ៏សោកនាដកម្មមួយនេះ។
ដូចការសន្យា អ្នកទទួលខុសត្រូវនៃវិចិត្រសាល អេពីឌីមីកក្នុងទីប្រទេសបារាំងបានរៀបចំការតាំងពិព័រណ៌បង្ហាញស្នាដៃរូបគំនូររបស់វិចិត្រករខ្មែរជាលើកទី២ ដោយលើកនេះ ផ្តោតសំខាន់តែទៅលើគំនូរសហសម័យរបស់លោក នូសារី។ ជាវិចិត្រករខ្មែរដ៏កម្រដែលបានទទួលការសិក្សានៅសាលាវិចិត្រសិល្បៈនៅប្រទេសបារាំង លោកនូ សារីបានត្រលប់ទៅប្រទេសបារាំងជាលើកទី២ ដើម្បីតាំងបង្ហាញស្នាដៃគំនូររបស់លោក នៅក្នុងពិព័រណ៌ដែលមានឈ្មោះថា “ពណ៌នៃដួងព្រលឹងខ្មែរ”។