បុគ្គលិកជាង១៣០នាក់ ដែលបំរើការងារនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កំពុងរស់នៅក្នុងភាពមិនច្បាស់លាស់ គ្មានការងារធ្វើ បន្ទាប់ពីក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះនេះ បញ្ឈប់ពួកគេពីការងារ ដោយសារតែវិបត្តិកូវីដ១៩។ កាលពីថ្ងៃសុក្រ ទី២៣ ខែកក្កដា កន្លងទៅនេះ បុគ្គលិកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បាននាំគ្នាលើកបដា ទាមទារឲ្យក្រុមហ៊ុន និងក្រសួងការងារ ព្រមទាំងអាជ្ញាធរអាកាសចរណ៍ស៊ីវិល ពន្លឿនការដោះស្រាយបញ្ហាបញ្ឈប់ការងារពួកគាត់ កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ដែលត្រូវបានពន្យាពេលដោយសារជំងឺកូវីដ-១៩។ យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះ បានបញ្ជាក់ថា គ្រប់យ៉ាងបានធ្វើត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ការងារ ហើយនឹងជ្រើសរើសការងារឡើងវិញនៅពេល ដែលស្ថានភាពវិលត្រឡប់ទៅរកភាពដើម។