ប្រទេសកម្ពុជាកំពុងប្រារព្ធទិវាសប្ដាហ៍បំបៅដោះកូនដោយទឹកដោះម្ដាយឆ្នាំ២០២១ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧សីហា។ នៅកម្ពុជាការបំបៅដោះកូនដោយទឹកដោះម្ដាយនៅតែជាបច្ចុប្បន្នភាព នៃការជម្រុញទៅកាន់គ្រួសារទាំងមូលជាពិសេសស្ត្រីឲ្យយកចិត្តទុកដាក់លើភាពចាំបាច់នៃទឹកដោះ។ បើតាមអ្នកជំនាញ ភាពសម្បូរបែបនៃម្សៅទឹកដោះគោជម្រុញឲ្យស្ត្រីមើលរំលងការបំបៅដោះកូនដោយទឹកដោះ។ លើសពីនេះទៀតកត្តាជីវភាព និងបញ្ហាសុខភាពផ្ទាល់ខ្លួន ក៏បង្ខំឲ្យស្ត្រីបោះបង់ចោលប្រយោជន៍នៃទឹកដោះសម្រាប់ទារកដែរ។ ស្ត្រីម្នាក់ក្នុងចំណោមពីរនាក់ដែលវិទ្យុបារាំងបានជួបសម្ភាសមានវិប្បដិសារីប្រៀបដូចជាយកថ្នាំពុលឲ្យកូនផឹកបន្ទាប់ពីជ្រើសរើសម្សៅទឹកដោះគោខុស។ ផ្ទុយមកវិញសម្រាប់ស្ត្រីម្នាក់ទៀតដែលព្យាយាមបំបៅដោះកូនដោយទឹកដោះរយៈពេលមួយឆ្នាំបង្ហាញមោទកភាពចំពោះភាពរឹងមាំរបស់កូន។