នៅទីក្រុងប៉ារីស ភោជនីយដ្ឋាន របស់គ្រួសារខ្មែរឈ្មោះ Le petit Cambodge ឡឺ ពឺទី កាំបូដ បានលេចឈ្មោះ ក្នុងប្រព័ន្ធផ្សព្វផ្សាយ បារាំង ដោយសារសំណុំរឿង នៅតុលាការ។ គេធ្លាប់លឺឈ្មោះ ភោជនីយដ្ឋាន ឡឺ ពឺទី កាំបូដ ដោយសារភោជនីយដ្ឋានមួយធ្លាប់រងគ្រោះ ដូចជាភោជនីយដ្ឋានបារាំងមួយចំនួន នៅក្នុង ព្រឹត្តិការណ៍ វាយប្រហារភេរវកម្ម កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ នៅទីក្រុងប៉ារីស។ ម្ចាស់ភោជនីយដ្ឋាន ខ្មែរ បានចូលរួមនៅក្នុងតុលាការនៅទីក្រុងប៉ារីស លើកនេះ មិនមែនក្នុងសំណុំរឿង ភេរវកម្មនោះទេ ប៉ុន្តែ សម្រាប់សំណុំរឿងផ្ទាល់ខ្លួន ព្រោះថា ទីតាំង ដែលគ្រោងនឹងប្រើសម្រាប់បើកភោជនីយដ្ឋានសាខារបស់ ឡឺ ពឺទី កាំបូដ ត្រូវបានសកម្មជនប្រឆាំងក្រុមអភិជន ចូលរស់នៅ ខុសច្បាប់ តាំងពីពាក់កណ្តាលខែ វិច្ឆិកា ដែលជួនចំនឹងខួប ៥ឆ្នាំនៃការវាយប្រហារភេរវកម្ម ទៅលើភោជនីយដ្ឋាន។ នៅក្នុងបទយកការណ៍ថ្ងៃនេះ ឈាង បុប្ផា បានជួបសម្ភាសន៍ លោកស្រីគីរីតា ហ្កាឡ័រ ម្ចាស់ភោជនីយដ្ឋាន ដែលបានសំដែងការសាទរ ស្វាគម របស់តុលាការក្រុងប៉ារីស។