នៅប្រទេសបារាំង ស្ថានភាពជំងឺកូវីដ កាន់តែដុនដាបខ្លាំង។ បន្ទប់ប្រពោធនកម្ម ឬបន្ទប់សង្រ្គោះបន្ទាន់ សម្រាប់ដាក់ជំងឺកូវីដធ្ងន់ធ្ងរ ឡើងចាល់ លែងមានគ្រែសម្រាប់ដាក់អ្នកជំងឺទៀតហើយ។ គិតត្រឹមថ្ងៃ អង្គារ ចំនួនអ្នកជំងឺក្នុងបន្ទប់សង្រ្គោះបន្ទាន់ បានកើនឡើង ដល់ជាង ៥០៥៣នាក់ ពោលគឺជាចំនួនអតិបរមា ដែលមន្ទីរពេទ្យបារាំង អាចទទួលរ៉ាប់រ៉ងបានរហូតមកដល់ពេលនេះ។ ដោយសារតែមន្ទីរពេទ្យ អស់សមត្ថភាព លែងមានគ្រែនៅក្នុងបន្ទប់ប្រពោធនកម្ម សម្រាប់ ដាក់អ្នកជំងឺធ្ងន់ធ្ងរ ទើប ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ប្រកាសបិទសាលារៀន និងបិទខ្ទប់ ទូទាំងប្រទេសជាលើកទី ៣ ក្នុងក្តីសង្ឃឹមកាត់បន្ថយ ខ្សែចង្វាក់ចម្លងមេរោគកូវីដ ១៩នៅក្នុងប្រទេស។ ប្រទេសបារាំង ល្បីខាង មានគុណភាពសេវាព្យាបាល ប៉ុន្តែ ហេតុអ្វីបានជាមានគ្រែដាក់អ្នកជំងឺធ្ងន់ធ្ងរតែ ៥ពាន់ គ្រែទៅវិញ? វេជ្ជបណ្ឌិត សុខ សូផាត គ្រូពេទ្យ ផ្នែក ប្រពោធនកម្មវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យឯកជន De l’Est Parisien ដឺឡែស ប៉ារីស្យៀង ក្នុងក្រុង Aulnay-sous-Bois អូលណេយ ស៊ូ ប័រ ជាយក្រុងប៉ារីស នឹងបកស្រាយពន្យល់ពីរឿងនេះ នៅក្នុងបទយកការណ៍របស់ ឈាង បុប្ផា។