ថ្មីៗនេះមានការប៉ះទង្គិចគ្នារវាងកងកម្លាំងអាជ្ញាធរក្នុងខណ្ឌព្រែកព្នៅនិងពលរដ្ឋរស់នៅតំបន់បឹងតាមោកស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ ក្រុមប្រជាពលរដ្ឋដែលរងការប៉ះទង្គិចបានបញ្ជាក់ថា ការប៉ះទង្គិចកើតឡើងដោយសារពួកគាត់មិនព្រមឲ្យកម្លាំងសន្តិសុខខណ្ឌរុះរើកន្លែងលក់ដូររបស់គ្រួសារមួយដែលសាងសង់លើចំណីដីមុខផ្ទះ។ ពីខាងអាជ្ញាធរវិញថា បានជូនដំណឹងទៅពលរដ្ឋរួចហើយអំពីការរុះរើនេះព្រោះពលរដ្ឋសង់កន្លែងលក់ដូរលើផ្លូវរដ្ឋ។ អំពីស្ថានភាពទូទៅវិញក្រុមប្រជាពលរដ្ឋបានអះអាងថា ផ្ទៃបឹងតាមោកកាន់តែរួមតូច ខណៈក្ដីសង្ឃឹមពួកគាត់ដែលរំពឹងទទួលផលពីការអភិវឌ្ឍដោយស្មើភាពក៏កាន់តែខើច។