ចំណតនៅតាមផ្សាររដ្ឋក្នុងរាជធានីភ្នំពេញនៅតែមិនអនុវត្តទៅតាមតម្លៃដែលបានកំណត់ក្នុងសៀវភៅបន្ទុក។ ផ្អែកតាមពិដាន តម្លៃដែលគេបិទនៅមាត់ច្រកផ្សារគឺ ២០០រៀលសម្រាប់កង់ និង៣០០រៀលសម្រាប់ម៉ូតូ ក្នុងការផ្ញើម្ដង។ ប៉ុន្តែធាតុពិតជាក់ស្ដែង អ្នកកឹបសំបុត្រតម្រូវឲ្យម្ចាស់យាន បង់ថ្លៃ១០០០រៀលជាចាំបាច់។ មែនទែនទៅ បញ្ហានេះមិនមែនជារឿងថ្មីដែលទើបតែកើតឡើងទេ តែវាគឺជាជំងឺមហារីករ៉ាំរ៉ៃរាប់សិបឆ្នាំមកហើយ។ ប៉ុន្តែដើម្បីព្យាបាលមហារីកឲ្យជា គេត្រូវរកវិធីព្យាបាលនិងបង្ការ។ វិធីព្យាបាល ពលរដ្ឋអ្នកប្រើប្រាស់ចំណតឲ្យយោបល់ថា កំណត់តម្លៃ១ពាន់រៀលតែម្ដងទៅលើថ្លៃចំណតនៅតាមផ្សាររដ្ឋ។