នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងជំទាស់របស់លោកកឹម សុខា។ នៅពីមុខផ្លូវចូលតុលាការ ក្រុមអ្នកគាំទ្រដែលមកពីបណ្តារាជធានីខេត្តមួយចំនួនបានប្រមូលផ្តុំគ្នាដោយខ្លះឈរ និងខ្លះអង្គុយដើម្បីរង់ចាំស្តាប់លទ្ធផលសវនាការក៏ដូចជាបង្ហាញការគាំទ្រ និងការលើកទឹកចិត្ត។ អ្នកគាំទ្រទាំងនោះបានអះអាងថា ការមកចូលរួមគាំទ្រលោកកឹម សុខាពេលនេះធ្វើឡើងដោយគ្មានអ្នកបង្ខំ គ្មានការទិញទឹកចិត្ត និងគ្មានការភ័យខ្លាចពីសុវត្ថិភាព។ អ្វីដែលពួកគេទទូចចង់បាន គឺចង់ឃើញតុលាការទម្លាក់រាល់បទចោទទាំងអស់លើលោកកឹម សុខាដើម្បីស្តារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ពលរដ្ឋ។