តម្លៃសាំងនៅកម្ពុជាកំពុងជះផលអវិជ្ជមានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនមិនថា អ្នករកស៊ីតូចធំឬអ្នកប្រកបរបរតូចតាចទេ។ ផ្នែកមួយតូចមួយនៃសង្គមដែលរងផលប៉ះពាល់ពីវិបត្តិឥន្ធនៈឡើងថ្លៃគឺអ្នករត់ឌុប។ ស្ទើរពេញមួយជីវិតប្រកបរបរជាអ្នករត់ឌុប លោក ផេង ហុង ចាត់ទុកតម្លៃសាំង៦ពាន់រៀលក្នុងមួយលីត្រនៅពេលនេះ ជាតម្លៃអាក្រក់ខ្ពស់ហួសហេតុមិនធ្លាប់មានពីមុនមកឡើយ រាប់ចាប់ពីតាំងលោកផ្ដើមប្រកបរបរនេះ នៅអំឡុងទស្សវត្សឆ្នាំ៩០។ រត់ឌុបនៅក្នុងបរិបទសាំងឡើងថ្លៃជារឿងមួយលំបាកទៅហើយ បន្ថែមពីលើនេះទៀតលោក ផេង ហុង ប្រឹងរត់ឌុបទាំងមានរបួសជើងម្ខាងដែលបន្សល់ទុកដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍។