លទ្ធផលប្រលងរបស់បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២បានប្រកាសហើយសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាលកាលពីសៀលថ្ងៃទី២២ ខែធ្នូនេះ។ ពីវិទ្យាល័យព្រះស៊ីសុវត្ថិ សិស្សានុសិស្ស និងអាណាព្យាបាលជាច្រើននាក់បានអង្គុយត្រៀមចាំស្តាប់លទ្ធផលប្រកាសនៅចំពីមុខទីចាត់ការជាមួយនឹងទឹកមុខញញឹមរីករាយ។ សិស្សដែលបានប្រលងជាប់មួយចំនួនលើកឡើងថា និទ្ទេសប្រលងបាក់ឌុប គឺជាស្ពានចម្លងដ៏សំខាន់មិនអាចខ្វះបានដើម្បីឈានដំណើរទៅកាន់ថ្នាក់ឧត្តមសិក្សា និងជាគ្រឹះមួយទៀតសម្រាប់អនាគត។ ហើយពួកគេបន្តលើកឡើងទៀតថា លទ្ធផលដែលសម្រេចបានក្នុងជំហានដំបូងនេះ ជាមោតនភាពដ៏មានន័យសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងលោកគ្រូអ្នកគ្រូ។