ជិត៤០ឆ្នាំមកនេះ ប្ដីប្រពន្ធមួយគូដែលឆ្លងកាត់អាពាហ៍ពិពាហ៍ដោយបង្ខំកាលពីជំនាន់ខ្មែរក្រហមបានកែប្រែវិបត្តិទៅជាឱកាស តាមរយៈការបន្តរួមរស់នៅយ៉ាងសុខសាន្ត នៅទីជនបទមួយកន្លែង ស្ថិតនៅឃុំព្រៃកណ្ដៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។ បុរសជាប្ដីឈ្មោះ ហង្ស គ្រឺន មានមុខរបរជាងផ្ទះ ប្រពន្ធឈ្មោះ អ៊ូ យ៉ាត ជាស្ត្រីមេផ្ទះនិងធ្លាប់អតីតគ្រូបង្រៀនកាលពីជំនាន់ខ្មែរក្រហម។ អង្គុយលើគ្រែរនាប ស្ថិតក្រោមដំបូលផ្ទះធ្លុះធ្លាយ ប្ដីប្រពន្ធវ័យចំណាស់ទាំងពីរលើកឡើងថា ជានិស្ស័យ ការយោគយល់ អាធ្យាស្រ័យ ទើបទំនាក់ទំនងមួយនេះបន្តដល់បច្ចុប្បន្ន។