ជាមួយនឹងភាពរីកចម្រើន ហ៊ឺហារទាន់សម័យ សម្ភារៈនិយម របស់មនុស្សយើងនាពេលបច្ចុប្បន្ននេះ សម្លៀកបំពាក់សំបូរបែប គ្រប់ម៉ូដគ្រប់ម៉ាក បានក្លាយជាមធ្យោបាយដើម្បីបង្អួត សំញ៉ែញគ្នា ឬដើម្បីអាចចូលចុះ ក្នុងចំណោមមនុស្សក្នុងសង្គមមនុស្ស។ ឧស្សាហកម្មផលិតសម្លៀកបំពាក់ បានឆក់យកឱកាសនេះ ដើម្បីផលិតសម្លៀកបំពាក់ ដូរម៉ូដកាន់តែញឹក តម្លៃកាន់តែថោក តែគ្មានគុណភាព និងឆាប់ប្រើការលែងកើត។ អង្គការបរិស្ថាន ក៏ដូចជាអ្នកប្រើប្រាស់មួយចំនួន ភាគច្រើននៅតាមបណ្តាប្រទេសអឺរ៉ុប បានចាប់ផ្តើមទាញសញ្ញាអាសន្ន រំលឹកអំពីផលអវិជ្ជមានដ៏គ្រោះថ្នាក់ បណ្តាលមកពីផលិតសំលៀកបំពាក់ លើសពីតម្រូវការ ដើម្បីប្រមូលប្រាក់ចំណេញ ដោយគ្មានការទទួលខុសត្រូវ ចំពោះបរិស្ថាន ធនធានធម្មជាតិ និងសុខមាលភាពរបស់មនុស្ស។