តាំងពីប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសតួកគីបានបង្វែរទិសឧស្សាហកម្មអាវុធរបស់ខ្លួនឆ្ពោះទៅផលិតដ្រូនប្រយុទ្ធគ្មានអ្នកបើកបរមានឈ្មោះ Bayraktar TB2។ ក្រៅពីប្រើប្រាស់ក្នុងស្រុក ដ្រូន TB2 ត្រូវបានតួកគីលក់ទៅឲ្យប្រទេសជាច្រើន និងកំពុងបន្តទាក់ទាញប្រទេសមួយចំនួនទៀត។ ប្រធានាធិបតីតួកគីលោកអ៊ែរដូហ្កានបានថ្លែងដោយសាទរថា តួកគីស្ថិតក្នុងចំណោម៣ ប្រទេស ឬ៤ ប្រទេសដែលមានជំនាញផលិតដ្រូន។ ចំណែកលោកអ៊ីស៊្មែល ដេមៀរ ប្រធានទីភ្នាក់ងាររដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧស្សាហកម្មការពារជាតិបានថ្លែងដោយអួតអាងថា ដ្រូនតួកគីល្អជាងគេ និងមានតម្លៃថោកជាងគេ។